Thursday, November 3, 2011

ទឹកជំនន់

ទឹកជំនន់បានបង្កឲ្យប្រជាជនដែលរស់នៅលើពិភពលោកយើងនេះជួបប្រទះនូវការលំបាកគ្រប់ ៗ គ្នាមិនថា​​អ្នកមានអ្នកក្រនោះទេ ។ តែបញ្ហាទាំងនោះ​អ្នកដែលមានទ្រព្យធន​តិចតួចពិតជាជួបបញ្ហាខ្លាំងជាងគេ ។
​ សម្រាប់ប្រជាជននៅក្នុងតំបន់អាស៊ីនាពេលនេះ ប្រទេសដែលជួបគ្រោះមហន្តរាយទឹកជំនន់ខ្លាំងជាងគេ គឺប្រទេសថៃ (មិនដឹងថាប្រទេសខ្មែរយើងយ៉ាងណានោះទេ ព្រោះបើតាមរយៈ​កាសែត​ដូចជាមិនសូវចុះ​ផ្សាយ​អំពី​បញ្ហានេះសោះ)។ ទឹកជំនន់បានបណ្តាលឲ្យរោងចក្រឧស្សាហកម្មជាច្រើននៅក្នុងប្រទេសថៃត្រូវបាន​បិទទ្វារ​កម្មកររាប់សែននាក់ត្រូវអត់ការងារធ្វើ ក្នុងនោះក៏មានកម្មករដែលមកពីប្រទេសកម្ពូជាយើងមួយចំនួនដែរ ។ បញ្ហាទាំងអស់នេះបណ្តាលឲ្យមានកង្វះខាតទំនិញ​ និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួននៅលើទីផ្សារ ។ មានអ្នកខ្លះមានលុយក៏មិនអាចទិញអ្វីបានដែរ ។
នៅតាមបណ្តាហាងទំនើបធំ ៗ ដូចជា BigC និង Tesco Lotus មានឥវ៉ាន់ជាច្រើនត្រូវអស់ពីស្តុក​ដូចជា មីកញ្ចប់ មីកំប៉ុង គ្រប់យីហ៊ោ ។ សម្រាប់ទឹកសុទ្ធវិញ​ឃើញមា្នក់ ៗទិញពេញ ៗ រទេះ (សម្រាប់កន្លែងដែល​ខ្ញុំ​រស់​នៅ កន្លែងផ្សេងយ៉ាងណាខ្ញុំមិនបានដឹងទេ)។
នៅពេលនេះសូមបញ្ជាក់ថាឥវ៉ាន់ និង សម្ភារៈមួយចំនួនកំពុងឡើងថ្លៃបណ្តើរ ៗ ហើយ មិនដឹងជាថ្ងៃណា​បានចុះថ្លៃវិញទេ ព្រោះបើទោះជាទឹកស្រកក៏មិនប្រាកដថាចុះថោកវិញដែរព្រោះ​រោងចក្រមិនទាន់​អាច​ដំណើរ​​ការបាននៅឡើយ ។
នេះគ្រាន់តែជាហេតុការណ៍មួយចំនួនដែលកើតឡើងនាពេលទឹកជំនន់ប៉ុណ្ណោះ សង្ឃឹមថាពេលវេលា​ដ៏សោក​សៅ​នេះ​និង​កន្លងផុតទៅដោយឆាប់រហ័ស ។

Thursday, February 17, 2011

អាហាររូបករណ៍ម្ចាស់ក្សត្រីយ៍ សុរិន្ទថន

កាលពីថ្ងៃទី ៩-១៦ កុម្ភៈ ឆ្នាំ ២០១១កន្លងទៅនេះ​នៅទីក្រុងភ្នំពេញ សាកលវិទ្យាល័មហាសារខាម​បានទៅជ្រើសរើសនិស្សិត​អាហាររូបករណ៍ដែលទទួលបានពីម្ចាស់ក្សត្រីយ៍សុរិន្ទថន ។ អាហាររូបករណ៍​ទាំងនោះផ្តល់ដល់ ថ្នាក់​បណ្ឌិត ១នាក់ ថ្នាក់ម៉ាស្ទ័រ ២ នាក់ និង​ថ្នាក់បរិញ្ញាប័ត្រចំនួន ១៦ នាក់ ។ ព័ត៌មានលម្អិត​សូមចុច​លើ www.Msu.ac.th.news.com

Tuesday, February 15, 2011

សុភមង្គល

មនុស្សម្នាក់ ៗ ដែលកើតមករមែងតែងតែចង់បាននូវសេចក្តីសុខ​ និង សុភមង្គលគ្រប់ ៗ គ្នាមិនថាជាតិសាសន៍ណាឡើយ ។ សុភមង្គលអាចកើតឡើងបានគ្រប់វិនាទីទាំងអស់ ដោយ​មិន​កំណត់​ពេលវេលា ម៉ោង ឬ ទីកន្លែង​នោះ​ទេ ។ តែបញ្ហាដែលចោទឡើងចំពោះមនុស្សគ្រប់គ្នានោះគឺ តើយើងត្រូវក្តោបសុភមង្គល និង ស្វែងរក​វា​ដោយ​របៀបណា ?
នេះគឺជាយោបល់ខ្លះ ៗ របស់ខ្ញុំ ៖
- ត្រូវចេះអត់ធ្មត់នូវរាល់ហេតុការណ៍ដែលកើតឡើងជុំវិញខ្លួន
- ត្រូវចេះពិចារណាឲ្យបានល្អិតល្អន់
- ហ៊ានទទួលស្គាល់ការពិត​ និង ព្យាយាមដោះស្រាយដោយសន្តិវិធី ។
- ចេះអត់អោន និង ​យោគយល់ឲ្យគ្នាទៅវិញទៅមក ។
- ទទួលស្គាល់ធាតុពិតរបស់ដៃគូ (ចំណុចខ្លាំង និង ខ្សោយរបស់ដៃគូ)
- ព្យាយាមកែចំណុចខ្សោយ ឬ ចំណុចអាក្រក់ដែលខ្លួនមាន ឲ្យថិតនៅចំណុចទាបបំផុត ឬ គ្មានសោះបើ​អាចធ្វើបាន ។
- មិនព្យាយាមចាប់កំហុស​​ និង ជួយកែតម្រូវ ។
- ព្យាយាមផ្គាប់ចិត្តស្វាមី ឬ ភរិយា ដោយទឹកចិត្តស្មោះមិនមែនបោកបញ្ឆោត ។
- ផ្តល់សេចក្តីសុខឲ្យគ្នាទៅវិញទៅមក
- ជួយផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកនៅពេលមានបញ្ហា ។
- ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ដៃគូ
- ចាំថ្ងៃពិសេស ៗ របស់ក្រុមគ្រួសារដូចជា ខួបកំណើត ខួបអាពាហ៍ពិពាហ៍ និង ថ្ងៃពិសេស ៗ ជាច្រើនទៀត
- ស្រឡាញ់គ្រួសារខាងដែគូ ដូចជាគ្រួសាររបស់ខ្លួន ។
- ផ្តល់កិត្តិយសឲ្យគ្នាទៅវិញទៅមក ។
- ផ្តល់ពេលវេលាសម្រាប់ក្រុមគ្រួសារឲ្យបានច្រើនជាងមិត្តភក្តិ ។

សង្ឃឹមថាចំណុចខាងលើ អាចមានចំណុចខ្លះជួយដល់អស់លោកអ្នកបាន ។
សូមសំណាងល្អ !

Friday, February 11, 2011

ទិវានៃក្តីស្រឡាញ់


នៅថ្ងៃទី ១៤ខែ កុម្ភៈជារៀងរាល់ឆ្នាំគឺជា ទិវានៃក្តីស្រឡាញ់ ។ នៅប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី ១០កុម្ភៈទៅ យើងសង្កេតឃើញនៅតាមទីផ្សារនានា​សម្បូរ​ទៅដោយផ្កាជាពិសេសគឺផ្កាកុឡាបចម្រុះពណ៌ ។ ក្នុងថ្ងៃធម្មតាផ្កាកុឡាបមួយទង ១០០០ រៀល ឬ បើសិនជាផ្កានោះស្អាតល្អ អាចដល់ ២០០០ រៀល តែសម្រាប់ក្នុងកម្មវិធីពិសេសបែបនេះតម្លៃផ្កា​ឡើងថ្លៃមួយជាពីរ។
សម្រាប់អ្នកដែល​រៀបអាពាហ៏ពិពាហ៏រួចហើយ បើសិនជាមិនបានទិញផ្កាជូនភរិយា ឬ ស្វាមី របស់ខ្លួនបាន អាចប្រើពាក្យសម្តីដ៏សែនពិរោះរបស់អស់លោកអ្នក ឬ ធ្វើអ្វីដែលលោកអ្នកគិតថា អាចធ្វើឲ្យដៃគូររបស់លោកអ្នកមានសេចក្តីសុខ នេះហើយជាកាដូដ៏ពិសេសបំផុតសម្រាប់ជីវិតអាពាហ៍ពិពាហ៍។
ទោះជាយ៉ាងណាសម្រាប់ថ្ងៃនេះគឺជាថ្ងៃដែលយើងត្រូវសម្តែង នូវក្តីស្រឡាញ់ចំពោះមនុស្សដែលយើ់ងស្រឡាញ់ ដោយស្មោះអស់ពីបេះដូងតែកុំភ្លេច សម្តែងក្តីស្រឡាញ់ចំពោះឪពុកម្តាយ និង បងប្អូនផង ។
សូមឲ្យមានសំណាងល្អណាច៎ាស !

Monday, January 31, 2011

ឧទ្យានជាតិ ភូព្រះបាត្រ (ภู พระบาด)

បន្ទាប់ពីពិធិមង្គលការបានបញ្ចប់ យើងក៏បាននាំគ្នាទៅលេងនៅ ឧទ្យានជាតិ ភូព្រះបាត្រ ដែលមានមានចំងាយ ៦៨ គ.ម ពីខេត្ត ឧត្តរធានី ។ ការធ្វើដំណើរទៅលេង ភូព្រះបាត្រលើកនេះ គឺជាការធ្វើដំណើរដោយ​មិនបានព្រៀង​ទុក​ជា​មុន ។ ដំណើរកំសាន្តលើកនេះ មានលោក​សាស្រ្តាចារ្យរង លោកគ្រូ អ្នកគ្រូ និង បុគ្គលិកនៅ​មហាវិទ្យាល័យ​មហាសារខាម (MSU)​១៧ រូប ។ ដែលក្នុងនោះរួមមានលោកសាស្រ្តាចារ្យរង ស៊ុមឆាយជាអ្នកនាំផ្លូវ ព្រម​ទាំង​អត្ថាធិប្បាយពីដើមកំណើតនៃទិកន្លែងនីមួយ ៗ ដែលមាននៅលើភ្នំនេះ ។

Sunday, January 30, 2011

ចូលរួមពិធីមង្គលការ

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០១១ ក្រុមគ្រួសាររបស់ខ្ញុំ ព្រមទាំងមិត្តភក្តិដែលធ្វើការ​ជាមួយគ្នា​បានទៅចូលរួម​ក្នុងពិធិមង្គលការរបស់ លោកគ្រូសម័យ​ដែលស្ថិត​នៅខេត្ត​ឧត្តរធានី (อุดรธานี)។ ​ នេះជាលើកដំបូងសម្រាប់ខ្ញុំដែល​បានទៅចូលរួម​មង្គលការ​​មិត្ត​ភក្តិជាជនជាតិថៃ ។ ពិធីរបស់គេខុស​ពីពិធី​របស់​ខ្មែរ​យើង គឺព្រឹកឡើងគេហែរជំនូន តែ​ជំនូនរបស់គេនោះមិនមានអ្វីធំដុំ​ដូចជាខ្មែរ​ឡើយ គឺមានតែខ្នើយ​ មុង ពូក គ្រាប់ពោត សណ្តែក​ ស្រូវ ល្ង បាយ​ម្ហូប និងថ្លែឈើដាក់សែន បន្តិច​បន្តួច​ប៉ុណ្ណោះ​ដែល​ដាក់​លើ​ឡាន​របស់​សាម៉ី​ខ្លួន គ្មានវង់ភ្លេងទេ គឺពេលដែលហែរ ភ្ញៀវដែលទៅចូលរួម​នាំគ្នាស្រែកហ៊ោ​ទាំង​អស់គ្នា ហ៊ោរបណ្តើរ ដើរ​បណ្តើរ​រហូតដល់ផ្ទះកូនស្រី ។ គេហែរចូលក្នុងផ្ទះកូនស្រី ហើយក៏មានពិធីជូនថ្លៃទឹកដោះ (លុយសុទ្ធ ៣០០​​ ០០០ បាត្រ = ១០ ០០០ ដុល្លា មាន​មាសដូចជា កងដៃ ខ្សែក ព្រមទាំងចិញ្ជៀនពេជ្រ សម្រាប់ពាក់ឲ្យកូនក្រមុំ)។ មានអាចារ្យសូត្រធម៌ បន្ទាប់មកក៏ចងដៃ ជាការបញ្ចប់កម្មវិធី ។

Monday, January 24, 2011

សួស្តីឆ្នាំថ្មី

នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃចូលឆ្នាំចិនហើយ សូមឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ និង​ រកស៊ីកាក់កប ជួបតែសំណាងល្អពេញមួយឆ្នាំ ។
Gong Xi fa cai.

ទីផ្សារសម្រាប់និស្សិតឯកទេស ភាសាខ្មែរ

ដោយសារកង្វះខាតកម្មករនៅក្នុងប្រទេសថៃ បានតម្រូវឲ្យក្រុមហ៊ុនជាច្រើនទៅជ្រើសរើសកម្មករ​នៅប្រទេស​ខ្មែរឲ្យមកធ្វើការនៅក្នុងប្រទេសថៃ ។ ការទទួលយកកម្មករមកធ្វើការនេះបានបណ្តាលឲ្យអ្នកគ្រប់គ្រង​កម្មករ​​ជួប​ប្រទះនៅការលំបាកស្មុគស្មាញជាច្រើនដូចជា ៖ ភាសានិយាយ (ពិបាកក្នុងការណែនាំកម្មករឲ្យធ្វើតាមភារកិច្ច ឬ តួនាទី ពេលមានជម្ងឺ ឈឺថ្កាត់ពិបាកក្នុងការទៅរកពេទ្យ ...)។
ដោយសារបញ្ហាទាំងនេះហើយទើបធ្វើឲ្យក្រុមហ៊ុនជាច្រើនមកទំនាក់ទំនងសាខាភាសាខ្មែរ ដែលមានទីតាំង​នៅសាកលវិទ្យាល័យមហាសារខាម (Mahasakam University) ។ ចំពោះនិស្សិតដែលរៀនចប់​បរិញ្ញាប័ត្រ​ភាសា​ខ្មែរ បានទៅធ្វើការនៅក្រុមហ៊ុនឯកជន និង ក្នុងក្របខណ្ឌរដ្ឋ ក្នុងប្រទេសថៃ ។ ចំណែកនិស្សិត​ដែល​មិនទាន់ចប់​ខាងក្រុមហ៊ុន​បានកក់ទុកជាមុន គឺបន្ទាប់ពីចប់ភ្លាមអាចទៅធ្វើការជាមួយក្រុមហ៊ុនទាំងនោះ​ភា្លម ។
​ នេះជាទីផ្សារដ៏ល្អ សម្រាប់និស្សិតដែលជ្រើសរើសយកឯកទេសភាសាខ្មែរ ។

នាំកូនទៅថតរូប

​កាលពីនៅស្រុកខ្មែរពេលត្រូវការរូបថត ក៏ទៅថតភ្លាម (បិតកាត)។ ដោយពេលថតរួចទទួលបានទាំងរូបថត និង ហ្វីល ហើយប្រសិនជាយើងចង់បានរូបថតបន្ថែមគ្រាន់តែចំណាយលុយទៅលើការផ្តិតប៉ុណ្ណោះ ចង់ បាន ប៉ុន្មានក៏បានដែរ ។ ប៉ុន្តែល្ងាចម្សិលមិញ (ថ្ងៃអាទិត្យ ទី ២៣ ខែមករា ២០១១) នៅសាលាកូនរបស់ខ្ញុំ គ្រូត្រូវ ការ រូបថតរបស់គេ ដើម្បីយកទៅធ្វើប័ណ្ណសម្គាល់ខ្លួន (កាតសិស្ស) ។ ខ្ញុំក៏នាំកូនទៅថត ដោយ គេប្រាប់ថា ១ ប៉ុស្តិ ១០០បាទ តែបើត្រូវការប្រញាប់គឺ ១២០បាទ ។ ដោយមិនចង់ចំណាយទៅមកច្រើនដង​ ខ្ញុំក៏សម្រេច​ថា នៅចាំយក ព្រោះបើមកទៀតទាំងទៅទាំងមកគឺចំណាយពេល ១ម៉ោង ។ ពេលកំពុងរងចាំគ្រួសាររបស់ខ្ញុំ (ប្តី) សុំ fileបានទេ ? ព្រោះគេថតរូបមិនប្រើហ្វីលទេ ម្ចាស់ហាងឆ្លើយថា បើចង់បាន file ទាល់តែ​ថែម​លុយ​ទៀត ៨០បាទ ម្ចាស់ថ្លៃហើយទើបតែលឺទេនែ៎ ថែមលុយយក file រូបថតខ្លួនឯង ។ អញ្ចឹងមានន័យថា ថតម្តងបានតែ រូបថត ៩ សន្លឹក អស់១២០ (ប្រហែល៣ដុល្លា) ។ បើចង់បាន file ត្រូវអស់ ៥ ដុល្លា ។ តែ​នេះខុសមកពីខ្ញុំ ព្រោះខ្ញុំធ្លាប់ទៅថតហាងនៅក្បែរមហាវិទ្យាល័យ តម្លៃដូចគ្នាបានទាំង file តែលើកនេះ បែរជាទៅដល់មឿង(ទីរួមខេត្ត) រូបមិនស្អាត ហើយថ្លៃទៀត ។
នេះជាបទពិសោធន៍របស់ខ្ញុំ ដូច្នោះខ្ញុំសូមផ្តាំ មិត្តភក្តិទាំងអស់ថាធ្លាប់ចូលកន្លែងណាល្អ ចូលកន្លែងនឹងទៅ ដើម្បីកុំឲ្យខកចិត្ត ហើយខូចអារម្មណ៍ដូចជាខ្ញុំទៀត ។

Wednesday, January 5, 2011

Cargill and Mahasarakham university

ក្រុមហ៊ុន Cargill គឺជាក្រុមហ៊ុនផលិតសាច់មាន់ឆ្អិនសម្រាប់​នាំចេញ​យក​​ទៅ​​លក់នៅ​ក្រៅប្រទេស ។ ក្រុមហ៊ុន​នេះមានស្នាក់ការ​នៅក្នុងខេត្តស្រះបុរី និង ខេត្តនគររាជ​​សីមា​នៃប្រទេសថៃ ។ ដោយមានកង្វះ​ខាតផ្នែក​​កម្មករ ក្រុមហ៊ុនបានទៅជ្រើសរើសកម្មករ​ពី​ប្រទេសកម្ពុជាឲ្យមកធ្វើការនៅក្នុងរោងចក្ររបស់ខ្លួន ។ ប៉ុន្តែដោយ​សារតែកង្វះ​ខាត​បុគ្គលិកដែលអាចទំនាក់ទំនងជាមួយកម្មករខ្មែរ ក្រុមហ៊ុនCargillនឹងមកកាន់​សាកល​វិទ្យា​ល័យមហាសារខាម នៅថ្ងៃទី ១៣ ខែមករា​ ឆ្នាំ ២០១១ ដើម្បីមកទទួល​និស្សិត​ឯកទេសភាសាខ្មែរ ដែលជាជន​ជាតិថៃ ឲ្យទៅចុះកម្មសិក្សា និង​ ក្រោយពេលរៀន​ច​ប់​​ទទួលយកទៅធ្វើការតែម្តង ។ គួរបញ្ជាក់ដែរថា​មាន​និស្សិតឯកទេសភាសាខ្មែរចំនួន​ពីរនាក់មកហើយដែលបានធ្វើការនៅក្នុងក្រុមហ៊ុន Cargill ។ តែដោយ​សារ​តែកម្មករ​ខ្មែរ​ដែលត្រូវមកមានចំនួន ១០០០ ។ ដូច្នេះសម្រាប់និស្សិតខ្មែរដែលកំពុង​រៀននៅសាកល​វិទ្យាល័យ​មហាសារខាម មានចំណាប់អារម្មណ៍ សូមអញ្ជើញមកចូលរួមស្តាប់ នៅអគារ RN បន្ទប់ ១០៣ ចាប់​ពី​ម៉ោង ១៤.០០-១៦.០០ នាថ្ងៃទី ១៣.មករា​.២០១១ ។

សួស្តីឆ្នាំថ្មី

សួស្តី ! មិត្តភក្តិទាំងអស់ !បានទៅដល់ណាខ្លះចូលឆ្នាំសកលនេះ !
សម្រាប់អ្នកដែលមិនទាន់បានទៅដើរលេងឯណា កុំបារម្ភអី​ ថ្ងៃ ៧ មករា នេះឈប់ទៀតហើយ​ កុំភ្លេចទៅដើរលេង​ណា ។ សប្បាយច្រើនកើនអាយុ !
ជូនពរសុខភាពល្អ និង មានសុវត្ថិភាពក្នុងការធ្វើដំណើរ ។ ​​