Monday, January 31, 2011

ឧទ្យានជាតិ ភូព្រះបាត្រ (ภู พระบาด)

បន្ទាប់ពីពិធិមង្គលការបានបញ្ចប់ យើងក៏បាននាំគ្នាទៅលេងនៅ ឧទ្យានជាតិ ភូព្រះបាត្រ ដែលមានមានចំងាយ ៦៨ គ.ម ពីខេត្ត ឧត្តរធានី ។ ការធ្វើដំណើរទៅលេង ភូព្រះបាត្រលើកនេះ គឺជាការធ្វើដំណើរដោយ​មិនបានព្រៀង​ទុក​ជា​មុន ។ ដំណើរកំសាន្តលើកនេះ មានលោក​សាស្រ្តាចារ្យរង លោកគ្រូ អ្នកគ្រូ និង បុគ្គលិកនៅ​មហាវិទ្យាល័យ​មហាសារខាម (MSU)​១៧ រូប ។ ដែលក្នុងនោះរួមមានលោកសាស្រ្តាចារ្យរង ស៊ុមឆាយជាអ្នកនាំផ្លូវ ព្រម​ទាំង​អត្ថាធិប្បាយពីដើមកំណើតនៃទិកន្លែងនីមួយ ៗ ដែលមាននៅលើភ្នំនេះ ។

Sunday, January 30, 2011

ចូលរួមពិធីមង្គលការ

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០១១ ក្រុមគ្រួសាររបស់ខ្ញុំ ព្រមទាំងមិត្តភក្តិដែលធ្វើការ​ជាមួយគ្នា​បានទៅចូលរួម​ក្នុងពិធិមង្គលការរបស់ លោកគ្រូសម័យ​ដែលស្ថិត​នៅខេត្ត​ឧត្តរធានី (อุดรธานี)។ ​ នេះជាលើកដំបូងសម្រាប់ខ្ញុំដែល​បានទៅចូលរួម​មង្គលការ​​មិត្ត​ភក្តិជាជនជាតិថៃ ។ ពិធីរបស់គេខុស​ពីពិធី​របស់​ខ្មែរ​យើង គឺព្រឹកឡើងគេហែរជំនូន តែ​ជំនូនរបស់គេនោះមិនមានអ្វីធំដុំ​ដូចជាខ្មែរ​ឡើយ គឺមានតែខ្នើយ​ មុង ពូក គ្រាប់ពោត សណ្តែក​ ស្រូវ ល្ង បាយ​ម្ហូប និងថ្លែឈើដាក់សែន បន្តិច​បន្តួច​ប៉ុណ្ណោះ​ដែល​ដាក់​លើ​ឡាន​របស់​សាម៉ី​ខ្លួន គ្មានវង់ភ្លេងទេ គឺពេលដែលហែរ ភ្ញៀវដែលទៅចូលរួម​នាំគ្នាស្រែកហ៊ោ​ទាំង​អស់គ្នា ហ៊ោរបណ្តើរ ដើរ​បណ្តើរ​រហូតដល់ផ្ទះកូនស្រី ។ គេហែរចូលក្នុងផ្ទះកូនស្រី ហើយក៏មានពិធីជូនថ្លៃទឹកដោះ (លុយសុទ្ធ ៣០០​​ ០០០ បាត្រ = ១០ ០០០ ដុល្លា មាន​មាសដូចជា កងដៃ ខ្សែក ព្រមទាំងចិញ្ជៀនពេជ្រ សម្រាប់ពាក់ឲ្យកូនក្រមុំ)។ មានអាចារ្យសូត្រធម៌ បន្ទាប់មកក៏ចងដៃ ជាការបញ្ចប់កម្មវិធី ។

Monday, January 24, 2011

សួស្តីឆ្នាំថ្មី

នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃចូលឆ្នាំចិនហើយ សូមឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ និង​ រកស៊ីកាក់កប ជួបតែសំណាងល្អពេញមួយឆ្នាំ ។
Gong Xi fa cai.

ទីផ្សារសម្រាប់និស្សិតឯកទេស ភាសាខ្មែរ

ដោយសារកង្វះខាតកម្មករនៅក្នុងប្រទេសថៃ បានតម្រូវឲ្យក្រុមហ៊ុនជាច្រើនទៅជ្រើសរើសកម្មករ​នៅប្រទេស​ខ្មែរឲ្យមកធ្វើការនៅក្នុងប្រទេសថៃ ។ ការទទួលយកកម្មករមកធ្វើការនេះបានបណ្តាលឲ្យអ្នកគ្រប់គ្រង​កម្មករ​​ជួប​ប្រទះនៅការលំបាកស្មុគស្មាញជាច្រើនដូចជា ៖ ភាសានិយាយ (ពិបាកក្នុងការណែនាំកម្មករឲ្យធ្វើតាមភារកិច្ច ឬ តួនាទី ពេលមានជម្ងឺ ឈឺថ្កាត់ពិបាកក្នុងការទៅរកពេទ្យ ...)។
ដោយសារបញ្ហាទាំងនេះហើយទើបធ្វើឲ្យក្រុមហ៊ុនជាច្រើនមកទំនាក់ទំនងសាខាភាសាខ្មែរ ដែលមានទីតាំង​នៅសាកលវិទ្យាល័យមហាសារខាម (Mahasakam University) ។ ចំពោះនិស្សិតដែលរៀនចប់​បរិញ្ញាប័ត្រ​ភាសា​ខ្មែរ បានទៅធ្វើការនៅក្រុមហ៊ុនឯកជន និង ក្នុងក្របខណ្ឌរដ្ឋ ក្នុងប្រទេសថៃ ។ ចំណែកនិស្សិត​ដែល​មិនទាន់ចប់​ខាងក្រុមហ៊ុន​បានកក់ទុកជាមុន គឺបន្ទាប់ពីចប់ភ្លាមអាចទៅធ្វើការជាមួយក្រុមហ៊ុនទាំងនោះ​ភា្លម ។
​ នេះជាទីផ្សារដ៏ល្អ សម្រាប់និស្សិតដែលជ្រើសរើសយកឯកទេសភាសាខ្មែរ ។

នាំកូនទៅថតរូប

​កាលពីនៅស្រុកខ្មែរពេលត្រូវការរូបថត ក៏ទៅថតភ្លាម (បិតកាត)។ ដោយពេលថតរួចទទួលបានទាំងរូបថត និង ហ្វីល ហើយប្រសិនជាយើងចង់បានរូបថតបន្ថែមគ្រាន់តែចំណាយលុយទៅលើការផ្តិតប៉ុណ្ណោះ ចង់ បាន ប៉ុន្មានក៏បានដែរ ។ ប៉ុន្តែល្ងាចម្សិលមិញ (ថ្ងៃអាទិត្យ ទី ២៣ ខែមករា ២០១១) នៅសាលាកូនរបស់ខ្ញុំ គ្រូត្រូវ ការ រូបថតរបស់គេ ដើម្បីយកទៅធ្វើប័ណ្ណសម្គាល់ខ្លួន (កាតសិស្ស) ។ ខ្ញុំក៏នាំកូនទៅថត ដោយ គេប្រាប់ថា ១ ប៉ុស្តិ ១០០បាទ តែបើត្រូវការប្រញាប់គឺ ១២០បាទ ។ ដោយមិនចង់ចំណាយទៅមកច្រើនដង​ ខ្ញុំក៏សម្រេច​ថា នៅចាំយក ព្រោះបើមកទៀតទាំងទៅទាំងមកគឺចំណាយពេល ១ម៉ោង ។ ពេលកំពុងរងចាំគ្រួសាររបស់ខ្ញុំ (ប្តី) សុំ fileបានទេ ? ព្រោះគេថតរូបមិនប្រើហ្វីលទេ ម្ចាស់ហាងឆ្លើយថា បើចង់បាន file ទាល់តែ​ថែម​លុយ​ទៀត ៨០បាទ ម្ចាស់ថ្លៃហើយទើបតែលឺទេនែ៎ ថែមលុយយក file រូបថតខ្លួនឯង ។ អញ្ចឹងមានន័យថា ថតម្តងបានតែ រូបថត ៩ សន្លឹក អស់១២០ (ប្រហែល៣ដុល្លា) ។ បើចង់បាន file ត្រូវអស់ ៥ ដុល្លា ។ តែ​នេះខុសមកពីខ្ញុំ ព្រោះខ្ញុំធ្លាប់ទៅថតហាងនៅក្បែរមហាវិទ្យាល័យ តម្លៃដូចគ្នាបានទាំង file តែលើកនេះ បែរជាទៅដល់មឿង(ទីរួមខេត្ត) រូបមិនស្អាត ហើយថ្លៃទៀត ។
នេះជាបទពិសោធន៍របស់ខ្ញុំ ដូច្នោះខ្ញុំសូមផ្តាំ មិត្តភក្តិទាំងអស់ថាធ្លាប់ចូលកន្លែងណាល្អ ចូលកន្លែងនឹងទៅ ដើម្បីកុំឲ្យខកចិត្ត ហើយខូចអារម្មណ៍ដូចជាខ្ញុំទៀត ។

Wednesday, January 5, 2011

Cargill and Mahasarakham university

ក្រុមហ៊ុន Cargill គឺជាក្រុមហ៊ុនផលិតសាច់មាន់ឆ្អិនសម្រាប់​នាំចេញ​យក​​ទៅ​​លក់នៅ​ក្រៅប្រទេស ។ ក្រុមហ៊ុន​នេះមានស្នាក់ការ​នៅក្នុងខេត្តស្រះបុរី និង ខេត្តនគររាជ​​សីមា​នៃប្រទេសថៃ ។ ដោយមានកង្វះ​ខាតផ្នែក​​កម្មករ ក្រុមហ៊ុនបានទៅជ្រើសរើសកម្មករ​ពី​ប្រទេសកម្ពុជាឲ្យមកធ្វើការនៅក្នុងរោងចក្ររបស់ខ្លួន ។ ប៉ុន្តែដោយ​សារតែកង្វះ​ខាត​បុគ្គលិកដែលអាចទំនាក់ទំនងជាមួយកម្មករខ្មែរ ក្រុមហ៊ុនCargillនឹងមកកាន់​សាកល​វិទ្យា​ល័យមហាសារខាម នៅថ្ងៃទី ១៣ ខែមករា​ ឆ្នាំ ២០១១ ដើម្បីមកទទួល​និស្សិត​ឯកទេសភាសាខ្មែរ ដែលជាជន​ជាតិថៃ ឲ្យទៅចុះកម្មសិក្សា និង​ ក្រោយពេលរៀន​ច​ប់​​ទទួលយកទៅធ្វើការតែម្តង ។ គួរបញ្ជាក់ដែរថា​មាន​និស្សិតឯកទេសភាសាខ្មែរចំនួន​ពីរនាក់មកហើយដែលបានធ្វើការនៅក្នុងក្រុមហ៊ុន Cargill ។ តែដោយ​សារ​តែកម្មករ​ខ្មែរ​ដែលត្រូវមកមានចំនួន ១០០០ ។ ដូច្នេះសម្រាប់និស្សិតខ្មែរដែលកំពុង​រៀននៅសាកល​វិទ្យាល័យ​មហាសារខាម មានចំណាប់អារម្មណ៍ សូមអញ្ជើញមកចូលរួមស្តាប់ នៅអគារ RN បន្ទប់ ១០៣ ចាប់​ពី​ម៉ោង ១៤.០០-១៦.០០ នាថ្ងៃទី ១៣.មករា​.២០១១ ។

សួស្តីឆ្នាំថ្មី

សួស្តី ! មិត្តភក្តិទាំងអស់ !បានទៅដល់ណាខ្លះចូលឆ្នាំសកលនេះ !
សម្រាប់អ្នកដែលមិនទាន់បានទៅដើរលេងឯណា កុំបារម្ភអី​ ថ្ងៃ ៧ មករា នេះឈប់ទៀតហើយ​ កុំភ្លេចទៅដើរលេង​ណា ។ សប្បាយច្រើនកើនអាយុ !
ជូនពរសុខភាពល្អ និង មានសុវត្ថិភាពក្នុងការធ្វើដំណើរ ។ ​​